ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៦

ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៦ របស់សិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី នៅសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២
ពិព័រណ៍វិទ្យាសាស្ត្រប្រចាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្សរបស់យើងមានឱកាសបានបង្ហាញអំពីសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាប្រកួតប្រជែងសមត្ថភាពជាមួយក្រុមដ៏ទៃទៀត ព្រមទាំងទទួលបានមេដាយ និងលិខិតសរសើរផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង សមត្ថភាព ការបង្កើតថ្មី និងការយល់ដឹងអំពីការស្រាវជ្រាវវិទ្យាសាស្ត្រ និងការសិក្សាបែបទំនើប នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។
ក្រោយការប្រកួតចប់ យើងបានរកឃើញនូវម្ចាស់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលសុទ្ធសឹងតែជាជើងខ្លាំងពោរពេញដោយសមត្ថភាព និងទេពកោសល្យ រួមជាមួយនឹងសាមគ្គីភាពជាធ្លុងមួយនៃក្រុមរបស់ពួកគេ។
សាលាចំណេះទូទៅអន្តរជាតិ ឌូវី គឺជាសាលាតែមួយគត់ដែលបានរៀបចំពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំច្រើនជាងគេ និងមានសិស្សានុសិស្សដែលបានចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងទទួលបានជ័យលាភី និងមាដាយច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
ពិព័រណ៍វិទ្យាសាស្រ្តលើកទី៦ នេះ មានវត្តមានជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្ដល់កិតិ្តយសអញ្ជើញចូលរួមជាអធិបតី និងវត្តមានជាកិត្តិយសរបស់ ឯកឧត្ដម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង, លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ, លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ, លោក ម៉ម សាម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង, លោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ ព្រមទាំង លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក នៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល និងគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សមួយចំនួន នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ផងដែរ។

English idioms by theidioms.com