ពិព័រណ៍វិទ្យាសាស្រ្តលើកទី៥
ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី ៥ - ការតាំងបង្ហាញស្នាដៃគម្រោងស្រាវជ្រាវវិទ្យាសាស្រ្ត STEM - កិច្ចពិភាក្សា នៃគម្រោង “ការបញ្ជាយានចុះចតនៅភពព្រះអង្គារសិប្បនិម្មិត Virtual Landing on the Mars” តាមរយៈ Video Conference ផ្ទាល់ពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រ Victorian Space Science Education Center (VSSEC) ដែលមានទីតាំងនៅសាលា Strathmore Secondary College ប្រទេសអូស្ត្រាលី។
ពិព័រណ៍វិទ្យាសាស្រ្តលើកទី៦
ពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៦ របស់សិស្សានុសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២
ពិព័រណ៍វិទ្យាសាស្ត្រប្រចាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្សរបស់យើងមានឱកាសបានបង្ហាញអំពីសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាប្រកួតប្រជែងសមត្ថភាពជាមួយក្រុមដ៏ទៃទៀត ព្រមទាំងទទួលបានមេដាយ និងលិខិតសរសើរផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង សមត្ថភាព ការបង្កើតថ្មី និងការយល់ដឹងអំពីការស្រាវជ្រាវវិទ្យាសាស្ត្រ និងការសិក្សាបែបទំនើប នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។
ក្រោយការប្រកួតចប់ យើងបានរកឃើញនូវម្ចាស់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលសុទ្ធសឹងតែជាជើងខ្លាំងពោរពេញដោយសមត្ថភាព និងទេពកោសល្យ រួមជាមួយនឹងសាមគ្គីភាពជាធ្លុងមួយនៃក្រុមរបស់ពួកគេ។
សាលាចំណេះទូទៅអន្តរជាតិ ឌូវី គឺជាសាលាតែមួយគត់ដែលបានរៀបចំពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំច្រើនជាងគេ និងមានសិស្សានុសិស្សដែលបានចូលរួមប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងទទួលបានជ័យលាភី និងមាដាយច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
ពិព័រណ៍វិទ្យាសាស្រ្តលើកទី៦ នេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវត្តមានរបស់ឯកឧត្ដមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ពិព័រណ៍វិទ្យាសាស្រ្តលើកទី៧

ពិព័រណ៍វិទ្យាសាស្រ្តលើកទី៧ របស់ក្រុមហ៊ុន ឌូវី អ៉ិនធើណេសិនណល ត្រូវបានអញ្ជើញចូលរួម ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន ទទួលការសាទរ យ៉ាងក្រៃលែង

នាថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ឌូវី អ៉ិនធើណេសិនណល បានប្រារព្ធកម្មវិធីពិព័រណ៍វិទ្យាសាស្ត្រលើកទី៧ ប្រចាំឆ្នាំ នាឆ្នាំ២០២៣ ក្រោមប្រធានបទ “បច្ចេកវិទ្យាបៃតង អនាគតបៃតង” ដែលត្រូវបានអញ្ជើញចូលរួម ដោយមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល មកពីក្រសួងសំខាន់ៗ ចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រធានមន្ទីរ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន នាយក នាយិកា សាលាវិទ្យាល័យរដ្ឋ និងឯកជន ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សរបស់សាលាចំណេះទូទៅអន្តរជាតិ ឌូវី និងសាលាអន្តរជាតិ បាត់ដំបង គ្រប់ទីតាំង និងសាខា ប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍វិទ្យាសាស្ត្រលើកទី៧ មានការចូលរួមពីសិស្សានុសិស្ស ក្នុងការបង្កើតស្នាដៃគម្រោងវិទ្យាសាស្ត្រ សម្រាប់ការប្រកួតប្រជែង ក្រោមប្រធានបទ “បច្ចេកវិទ្យាបៃតង អនាគតបៃតង” សរុបចំនួន ៣៦ក្រុម ស្មើនឹង៣៦គម្រោង ចាប់ពីកម្រិតមត្តេយ្យ ដល់មធ្យមសិក្សា មកពីគ្រប់ទីតាំង និងសាខា នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី និងសាលាអន្តរជាតិបាត់ដំបង និងសាលារដ្ឋ និងឯកជន ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ហើយដែលមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងសិស្សានុសិស្សចូលរួមទស្សនាជាង២០០០នាក់ផងដែរ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ពិព័រណ៍វិទ្យាសាស្ត្រលើកទី៧ របស់ក្រុមហ៊ុន ឌូវី ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំង ជាពិសេស គឺក្រុមហ៊ុន ឌូវី ផ្ទាល់ ក្រោមការដឹកនាំដោយលោកស្ថាបនិក និងអគ្គនាយក ខែម រស្មី ដែលតែងតែដឹកនាំ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងដាក់គោលដៅអាទិភាពក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការអប់រំ តាមបែបស្ទីម (STEAM) និងដាក់បញ្ជូលការសិក្សាតាមបែបបច្ចេកវិទ្យា នៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ចាប់ពីកម្រិតមត្តេយ្យ រហូតដល់ថ្នាក់មធ្យមសិក្សាកម្រិតខ្ពស់ និងបន្តដល់ថ្នាក់ឧត្តមសិក្សាផងដែរ។
នេះបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន ឌូវី អ៉ិនធើណេសិនណល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ជាមួយនឹងរាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ដែលបានដាក់គោលដៅអាទិភាព ក្នុងការបង្កើន និងអភិវឌ្ឍមូលធនមនុស្ស ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ និង២០៥០ ដែលប្រទេសកម្ពុជា ត្រូវផ្លាស់ប្ដូរទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយការអភិវឌ្ឍការសិក្សាអប់រំតាមស្ទីម និងបច្ចេកវិទ្យាឌីជីថលជាកត្តាចាំបាច់មិនអាចខ្វះបាន។